Wednesday, April 16, 2008

រៃអើយកុំយំ

រៃអើយកុំយំខ្ញុំនឹកស្រុកណាស់

ខែចែត្រឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី

ឱ!រៃកណ្តឹងសូមអ្នកប្រល័យ

ជីវិតខ្ញុំក្ស័យលាចាកលោកទៅ

ឱ!រៃដើមជ្រៃម្តេចភ្លេចដើមពោធិ៍

ខ្ញុំស្រែកទ្រហោរដល់ពេលយប់ជ្រៅ

ទឹកភ្នែកម្នាក់ឯងចំបែងហ្មងសៅ

តើថ្ងៃណាទៅទើបរៃឈប់យំ

រៃអើយខ្ញុំរស់សែនរងខ្លោចផ្សា

ខ្មែរបែកបាក់គ្នាចាកចោលទ្រនំ

ពូជឈាមតែមួយភ្លើងពុះប៉ុនភ្នំ

រៃអើយឈប់យំខ្ញុំចំបែងណាស់

បើខ្ញុំស្លាប់ទៅរៃនៅបំពេរ

ផ្តាំដល់ម្ចាស់ស្នេហ៍ថាខ្ញុំកម្មក្រាស់

ជាតិខ្មែរតែមួយខ្មែរត្រូវធ្វើម្ចាស់

ខ្មែរចាំឱ្យច្បាស់នាមជាម្ចាស់ស្រុក

រៃអើយរក្សាការកេរពុកម៉ែ

រៃអើយជួយថែរក្សាទំនុក

ខ្ញុំលារៃហើយចំបែងចាប់ចុក

ថ្ងៃនេះទៅមុខយើងខានជួបគ្នា

សម្លេងខ្លងខែកសម្រែកសត្វរៃ

ដើមពោធិ ដើ៍មជ្រៃសុទ្ឋសឹងវេរា

កម្មខ្មែររៃយំព្រាត់ព្រោះកម្មពៀរ

ខ្មែរកំពូជជាស្តាប់សំនៀងរៃ!

ណុប ច័ន្ទតារា

0 comments:

Post a Comment