Showing posts with label កំណាព្យ. Show all posts
Showing posts with label កំណាព្យ. Show all posts

Sunday, May 4, 2008

ធ្វើបុណ្យតាមសទ្ធា

មនុស្សម្នាក្នុងលោកតែងធ្វើបុណ្យ

រំលែកដោះកុនទុក្ខសត្វលោក

ធ្វើបុណ្យបានបុណ្យមានជ័យជោគ

ទាំងក្នុងផ្លូវលោកផ្លូវសាសនា

អ្នកខ្លះធ្វើតិចបានបុណ្យច្រើន

បុណ្យដែលចម្រើនពីអាត្មា

ស្មោះដូចជាទុគ្គ-តកុមារ

ធ្វើតាមចិន្តាសទ្ធាមាន

កុំឡើយធ្វើបុណ្យបង្ខំចិត្ត

ធ្វើតាមគំនិតតាមធនធាន

ធ្វើបុណ្យរំលែកជួយដាក់ទាន

ទៅតាមយើងមានកុំបង្ខំ

ទានដែលអ្នកធ្វើដោយស្មោះស

គឺពិតជាល្អហើយសក្តិសម

ទាននោះជាបុណ្យមិនលាយឡំ

បុណ្យតូចបុណ្យធំដូចតែគ្នា

ដូច្នេះខ្មែរអើយខំធ្វើបុណ្យ

តិចតួចមិនធ្ងន់ផុតកម្មពៀរ

ចេះជួយរំលែកចែកគ្រប់គ្រា

គ្រប់ពេលវេលាកុំភ្លេចបុណ្យ

ណុប ច័ន្ទតារា

Click Here Read More

Thursday, May 1, 2008

ស្នេហ៍ប្រាក់ជំពាក់ជាតិ

ខ្ញុំស្រឡាញ់ខ្មែរដក់ជាប់ចិត្ត

ដក់ក្នុងគំនិតគិតគ្រប់គ្រា

ជនជាតិខ្ញុំខ្មែររស់វេទនា

រស់ច្រើនរងារគ្មានគេដឹង

ឯពួកបរទេសគេមិនខ្វល់

គេគ្មានអំពល់ឱ្យខ្មែរខឹង

គេចាក់គេចុចចំណុចហ្នឹង

ឱ្យអស់ព្រលឹងយើងជាខ្មែរ

ខ្មែរក្រោកឈ្ងោកមើលប្រវត្តិសាស្ត្រ

ឈឹចិត្តខ្លាំងណាស់កេរពុកម៉ែ

ពួកយើងដែលធ្លាប់ខ្លាំងពូកែ

ឥឡូវស្រាប់តែមួយក្រវិច

បើយើងលែងគិតអាណិតជាតិ

បើយើងភ្លាត់ស្នៀតហើយភ្លាំងភ្លេច

បរទេសរង់ចាំតែក្រញិច

បរទេសប្រើល្បិចក្តេចត្រួយអស់

ស្នេហ៍ជាតិមិនមែនស្នេហ៍តែលុយ

ពុករលួយស្អុយខ្មែរក្រៀមក្រោះ

ជាតិត្រូវលិចលុងរាស្ត្រត្រូវខ្សោះ

និយាយដោយស្មោះតាមប្រវត្តិ


ណុប ច័ន្ទតារា

Click Here Read More

Saturday, April 26, 2008

សម្លរកកូរ

សម្លសែនឆ្ងាញ់ត្របាញ់ដាក់

រសជាតិវរលក្ខណ៍ល្បីឆ្លងពង្ស

កកូរផ្សំគ្រឿងយ៉ាងរឿងរុង

ខ្មែរទាំងភូមិក្រុងលង់ស្នេហា

ផ្លែល្ហុងលាយល្ពៅនូវត្រួយបាស

សណ្តែកត្រួយម្រះចេកណាំវ៉ា

លាយអង្ករលីងត្រប់សព្វសារ

ស្លឆ្ងាញ់ពិសាត្បិតសាមគ្គី

សង្គមស្រុកជាតិដូចកកូរ

មនុស្សគ្រប់អំបូរច្រើនមូលមីរ

រស់នៅជុំគ្នាបើសំភី

ចាប់ដៃសាមគ្គីពិតក្សេមក្សាន្ត

ដូចជាសម្លផ្សំត្រូវគ្រឿង

ឱជារសសឿងធៀបមិនបាន

សង្គមស្រុះដៃគ្រប់ៗប្រាណ

គង់ជួបសុខសាន្តមិនមានមោះ

សម្លកកូរផ្សំមិនត្រូវ

ពពុះផ្អូមនៅឆីឈឺពោះ

បើសង្គមជាតិកជម្លោះ

ពិតនាំប្រទុស្តដូចកកូរផ្អូម

អ្នកស្រី កែវ ច័ន្ទបូរណ៍

Click Here Read More

Thursday, April 24, 2008

អាណិតនរណា?

មុននឹងខ្ញុំគិតអាណិតជាតិ

ខ្ញុំសួរមិត្តញាតិគ្រប់ៗគ្នា

ខ្ញុំត្រូវអាណិតខ្លួនសិនណា

ព្រោះនេះធម្មតាជារឿងពិត

ស្រឡាញ់ខ្លួនស្ងួនដល់គ្រួសារ

រស់មានវាសនាសាងជីវិត

ទើបខ្ញុំអាចឈានជួយញាតិមិត្ត

ហើយចេះគូរគិតដល់ជាតិបាន

បើខ្ញុំស្រេកឃ្លានគ្មានអ្វីស៊ី

អារម្មណ៍វក់វីនៅក្នុងប្រាណ

បំណងចង់ជួយត្រូវខកខាន

សូមញាតិសន្តានត្រូវពិចារណ៍

បើចង់ឱ្យខ្មែរស្រឡាញ់ជាតិ

ស្រឡាញ់មិត្តញាតិនិងរដ្ឋា

ដំបូងត្រូវតែខ្មែរគ្រប់គ្នា

រស់នៅធូរធាក្នុងជីវិត

ឯអ្នកដឹកនាំកុំបន្ទោស

រាស្ត្រខ្មែរមានឈ្មោះទុក្ខរួមរឹត

ខ្មែរក្រមិនអាចជួយគូរគិត

ជាតិពិតគំនិតបែងវណ្ណៈ

ណុប ច័ន្ទតារា

Click Here Read More

Monday, April 21, 2008

សំដីដៀមដាម

សំដីដៀមដាមស្នាមកំហុស

ច្បាមច្បិចញិចទោសមិនអោយសល់

ពិតនាំប្រទុស្តល្អក់កខ្វល់

គ្មានភាពកុសលជាញាតិផៅ

ពាក្យដៀលនាំខ្មាស់ត្មះនាំខឹង

ឌីដងគ្នាហ្នឹងញ៉ឹងភ្លើងក្តៅ

មិនមែនបែបបទលោកប្រដៅ

សម្រាប់កែខ្លៅអោយផុតងប់

បើចង់នាំគេអោយយល់ល្អ

ជ្រើសពាក្យបវរប៉ិនប្រសព្វ

ប្រៀនដោយពាក្យពេចន៍ពិរោះគាប់

ប្រមនឹងធម៌ស្ងប់ដណ្តប់មន្ត

វិន័យព្រមផ្សំនូវវិចារណ៍

សតិប្រាជ្ញាភ្លឺពេកពន់

សំនួនវោហារក៏ទន់ភ្លន់

មិនលែងមានមន្តអោយគេស្តាប់

ពាក្យចាស់ពោលផ្តាំទឹកត្រជាក់

ត្រីផ្តុំពួនលាក់អស់ទាំងទ័ព

ពាក្យពេចន៍ទន់ភ្លន់ជាទម្លាប់

នាំជោគជ័យភ័ព្វគាប់មិនលែង

ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍

Click Here Read More

Sunday, April 20, 2008

រែងត្បូង

កម្មកររែងត្បូងយោងដីគ្រួស

ជ្រមុលជ្រមោះត្រាំជ្រោះភក់

កាយដីរែងថ្មឥតទ្រមក់

នឿយហត់ភ្នែកល្អក់ក៏នៅខំ

យូរៗជួបគ្រួសគ្រាប់បវរ

ចិត្តរំភើបអរញញឹមផ្សំ

ជួនរែងរាប់ថ្ងៃខ្លួនឈរត្រាំ

ទឹកថ្លុកដីជ្រាំមិនបានអ្វី

ដូចមនុស្សប្រឹងប្រែងស្វែងមិត្តល្អ

យ៉ាកដូចរែងថ្មរកត្បូងឆ្នៃ

មិត្តល្អក្រជួបប្រទះក្រៃ

ជយយឆ្នែជីវិតអោយក្សេមក្សាន្ត

រែងត្បូងដូចរែងភ័ព្វសំណាង

អំពើល្អស្អាងយ៉ាងកល្យាណ

ព្យាយាមព្រឹកល្ងាចមិនមានខាន

ក្រឃើញថ្កើងថ្កានស្ថានសម្រេច

បើសិនខ្វះស៊ូខើចព្យាយាម

ម៉្លេះជីវិតក្រៀមខ្លោចម៉ដ្ឋខ្ទេច

ទំរាំប្រទះភ័ព្វរំលេច

ពណ្ណរាយដូចពេជ្រនាំខ្លួនថ្កើង

អ្នកស្រី កែវ ច័ន្ទបូរណ៍

Click Here Read More

Wednesday, April 16, 2008

រៃអើយកុំយំ

រៃអើយកុំយំខ្ញុំនឹកស្រុកណាស់

ខែចែត្រឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី

ឱ!រៃកណ្តឹងសូមអ្នកប្រល័យ

ជីវិតខ្ញុំក្ស័យលាចាកលោកទៅ

ឱ!រៃដើមជ្រៃម្តេចភ្លេចដើមពោធិ៍

ខ្ញុំស្រែកទ្រហោរដល់ពេលយប់ជ្រៅ

ទឹកភ្នែកម្នាក់ឯងចំបែងហ្មងសៅ

តើថ្ងៃណាទៅទើបរៃឈប់យំ

រៃអើយខ្ញុំរស់សែនរងខ្លោចផ្សា

ខ្មែរបែកបាក់គ្នាចាកចោលទ្រនំ

ពូជឈាមតែមួយភ្លើងពុះប៉ុនភ្នំ

រៃអើយឈប់យំខ្ញុំចំបែងណាស់

បើខ្ញុំស្លាប់ទៅរៃនៅបំពេរ

ផ្តាំដល់ម្ចាស់ស្នេហ៍ថាខ្ញុំកម្មក្រាស់

ជាតិខ្មែរតែមួយខ្មែរត្រូវធ្វើម្ចាស់

ខ្មែរចាំឱ្យច្បាស់នាមជាម្ចាស់ស្រុក

រៃអើយរក្សាការកេរពុកម៉ែ

រៃអើយជួយថែរក្សាទំនុក

ខ្ញុំលារៃហើយចំបែងចាប់ចុក

ថ្ងៃនេះទៅមុខយើងខានជួបគ្នា

សម្លេងខ្លងខែកសម្រែកសត្វរៃ

ដើមពោធិ ដើ៍មជ្រៃសុទ្ឋសឹងវេរា

កម្មខ្មែររៃយំព្រាត់ព្រោះកម្មពៀរ

ខ្មែរកំពូជជាស្តាប់សំនៀងរៃ!

ណុប ច័ន្ទតារា

Click Here Read More

បាលី និងខ្មែរ

ស្មេរខ្លះនិពន្ធស្នេហ៍បាលី

គិតថាប្រពៃល្អខ្ពង់ខ្ពស់

ប្រើពាក្យខ្មែរងាយលាយចម្រុះ

គិតថាស្រកយសអស់តម្លៃ

ភ្លេចគិតហើយឬថាភាសា

បាលីសាស្ត្រាខ្មែរបានខ្ចី

មកពីស្រុកគេយូរមកអី

បើប្រើបាលីយើងត្រូវប្រែ

ហេតុម្តេចទម្លាប់ជំទើតជើង

បរទេសលើកឡើងខ្ពស់ម៉្លេះទេ

រួចជាន់បង្អាប់ភាពជាខ្មែរ

ភាសាស្រុកស្រែពុកម៉ែប្រៀន?

ភាសាខ្មែររាយងាយស្រួលស្តាប់

អ្នកស្រុកអានគាប់មិនយ៉ាករៀន

មិនបាច់រត់ស្វែងបណ្ឌិតស្មៀន

ជយយបកស្រាយប្រៀនពន្យល់ន័យ

ភាសាតាដូនផ្ញើកូនចៅ

ម្តេចជាន់លិចទៅទាបស្មើដី

ពាក្យខ្មែររាយតួសមប្រពៃ

ស្តាប់យល់អស់ន័យម្តេចថាអន់?

អ្នកស្រី កែវ ច័ន្ទបូរណ៍

Click Here Read More